ពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពីការសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើតកម្រិតពេញលេញលើកទី៣៧(CEmONC)



រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ ផ្នែកបណ្តុះបណ្តាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានរៀបចំបិទវគ្គបណ្តុះបណ្តាលស្ដីពីការសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើតកម្រិតពេញលេញក្រោមអធិបតីភាពលោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង៖ លើកកម្ពស់ ចំណេះដឹង និងជំនាញសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបនឹងកើត។ កំណត់សញ្ញាគ្រោះថ្នាក់ និងគ្រប់គ្រង់សង្គ្រោះបន្ទាន់មាតា និងទារកក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល រួមទាំងអនុវត្តជំនាញផ្អែកលើអន្តរាគមន៍គន្លឹះទាំង៩ សម្រាប់សង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើតប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព
នាឱកាសបិទវគ្គបណ្តុះបណ្តាលលោកស្រីសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់សិក្ខាកាម ឱ្យយកចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនៅកន្លែងធ្វើការងារ និងលើកកម្ពស់គុណភាពសេវាសុខភាពមាតា និងទារក។ ជំនាញគន្លឹះដែលបានរៀន យកទៅអនុវត្តបានឱ្យបានត្រឹមត្រូវ ក្នុងការរួមចំណែកជួយសង្គ្រោះជីវិតមាតា និងទារក។
លោកស្រីនាយកបានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំចូលរួមរៀនសូត្រ និងអនុវត្តក្នុងវគ្គបណ្តុះបណ្តាល ព្រមទាំងជូនពរឱ្យសិក្ខាកាមទទួលបានជោគជ័យក្នុងការអនុវត្តការងារ និងបន្តរួមចំណែកក្នុងការកាត់បន្ថយការស្លាប់ និងផលវិបាករបស់មាតា និងទារកនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សមាសភាពចូលរួមមានមន្រ្តីសុខាភិបាលចំនួន១០រូបមកពី៖ ខេត្តកំពត កំពង់ធំ និងខេត្តពោធី៍សាត់។ វគ្គបណ្តុះបណ្តាលនេះមានការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមគម្រោង EpiC តាមរយៈអង្គការ FHI 360 ។