លោកជំទាវ ហ៊ុន ម៉ាណា និងលោកជំទាវ សុខា គងពិសី នាយិកាប្រតិបត្តិក្រុមហ៊ុនអរុណាកូ Co.LTD បានអញ្ជើញមកសួរសុខទុក្ខអ្នកជំងឺ
រាជធានីភ្នំពេញ, នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣
នាងខ្ញុំវេជ្ជបណ្ឌិត គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ជំនួសមុខឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះលោកជំទាវ ហ៊ុន ម៉ាណា និងលោកជំទាវ សុខា គងពិសី នាយិកាប្រតិបត្តិក្រុមហ៊ុនអរុណាកូ Co.LTD ដែលបានអញ្ជើញមកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាក ព្យាបាលនៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយបាននាំមកនូវ អំណោយសប្បុរសធម៌ជាទឹកប្រាក់ ៥០.០០០.០០០រៀល(ហាសិបលានរៀល) និងទឹកបរិសុទ្ធអរុណាចំនួន១.០០០កេស។ក្នុងឱកាសនោះ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ របស់ប្រជាពលរដ្ឋ និងមន្រ្តីរាជការគ្រប់ទីកន្លែង។ ជាមួយគ្នានេះ សម្ដេចទាំងទ្វេរក៏បានឧបត្ថម្ភប្រាក់ចំនួន ៥០.០០០.០០០រៀល (ហាសិបលានរៀល) បន្ថែមទៀតដល់មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក។ សម្ដេច ទាំងទ្វេរក៏បានឧបត្ថម្ភប្រាក់ដល់មន្រ្តីរាជការចំនួន៤៥៨នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀលដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខ។សូមលោកជំទាវ និងគណៈប្រតិភូ ជួបប្រទះនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។